ព្រឺសម្បុរ!!! ផ្លូវឡើងចុះកន្លែងធ្វើការរាល់ថ្ងៃសោះ ស្រាប់តែថ្ងៃនេះ បាត់ផ្លូវរកចុះមិនឃើញ
- 2018-08-20 20:28:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឺសម្បុរ!!! ផ្លូវឡើងចុះកន្លែងធ្វើការរាល់ថ្ងៃសោះ ស្រាប់តែថ្ងៃនេះ បាត់ផ្លូវរកចុះមិនឃើញ
ស្វាគមន៍មកកាន់ទំព័រ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន "នឹកឡើងហួសចិត្ត" ជាថ្មី។ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ មានរឿងខ្មោចទៀតហើយ...ដឹងតែអូនខ្លាចហើយ នៅមានអ្នកចែករំលែករឿងខ្មោចទៀត ខិខិខិ។ តោះ...តាមដានសាច់រឿងរបស់លោក វុទ្ធី ខាងក្រោម៖
សូមជម្រាបសួរ ខ្ញុំបាទឈ្មោះ វុទ្ធី មានរឿងមួយចង់ចូលរួមជាមួយទំព័រ "នឹកឡើងហួសចិត្ត"។ រឿងនេះ ទើបតែនឹកឃើញ ក្រោយបានឃើញរឿងបងប្រុសម្នាក់កាលពីសប្ដាហ៍ដែលគាត់ជួបខ្មោចលងនៅកន្លែងធ្វើការដែរ។
រឿងរបស់ខ្ញុំ ខ្ញុំមិនទាន់សន្និដ្ឋានថាយ៉ាងម៉េចទេ ទុកបងប្អូនជួយវិនិច្ឆ័យរៀងខ្លួនថាវាយ៉ាងម៉េច។ សូមជម្រាបថា ខ្ញុំបានចូលបម្រើការងារជាបុគ្គលិកក្រុមហ៊ុនឯកជនមួយប្រមាណជា ៥ឆ្នាំមកហើយ ហើយរឿងហួសចិត្ត និងបានធ្វើឲ្យខ្ញុំព្រឺក្បាលនាពេលនោះ គឺកើតឡើងនៅឆ្នាំដំបូងនៃការចាប់ផ្ដើមធ្វើការរបស់ខ្ញុំតែម្ដង និងកើតនៅវេលាថ្ងៃត្រង់ថែមទៀត។
ស្នាក់ការក្រុមហ៊ុនរបស់ខ្ញុំ គឺជាអគារមួយកម្ពស់៤ជាន់ និងមានច្រើនផ្នែក ច្រើនបន្ទប់។ ដើម្បីសម្រួលដល់សង្វាក់ការងារ ជាធម្មតារ ក្រុមហ៊ុនរមែងបែងចែកវេនគ្នាមកប្រចាំការនៅថ្ងៃចុងសប្ដាហ៍ ដែលមួយវេនមានគ្នា ៣-៤នាក់។ ថ្ងៃមួយ ខ្ញុំបានជាប់ឈ្មោះត្រូវប្រចាំការជាមួយមិត្តរួមការងារផ្សេងទៀត។ ពួកយើងធ្វើការជាធម្មតារហូតដល់ម៉ោងបាយ ១២ ថ្ងៃត្រង់ មិត្តភ័ក្ដិក៏ចុះទៅបាយអស់នៅសល់តែខ្ញុំម្នាក់ឯង ដោយសារជាប់ដៃបង្ហើយការងារ។
ប្រមាណកន្លះម៉ោងក្រោយមក ទើបចប់ការងារ...ខ្ញុំក៏បានបិទម៉ាស៊ីនកុំព្យូទ័រចុះទៅញុំាបាយថ្ងៃត្រង់ដែរ។ រឿងក៏បានកើតឡើង ពោលគឺពេលនោះ ខ្ញុំស្រាប់តែរកផ្លូវចុះមកក្រោមមិនឃើញ។ ផ្លូវដែលចុះរាល់ថ្ងៃ ដូចជាមានអ្វីមកបាំង ឯខ្ញុំទទួលអារម្មណ៍ថា ខួរក្បាលដូចជាគិតអ្វីមិនយល់។ ខ្ញុំរត់ចុះឡើង២-៣ត្រឡប់ នៅតែរកផ្លូវមិនឃើញ...នៅតែចុះទៅចំផ្លូវដែលគេវាយឈើខ្វែងបិទ។
បែបនោះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា មានរឿងមិនស្រួលហើយ...គិតដល់ចំណុចនេះ ធ្វើឲ្យខ្លួនឯងកាន់តែភ័យ កាន់តែច្របូកច្របល់បែកញើសជោគខ្លួន ស្មារតីវិលវិល និយាយមិនត្រូវ។ ខ្ញុំក៏ទាញទូរសព្ទបម្រុងតេទៅ មិត្តភ័ក្ដិដែលចុះទៅមុនឲ្យមកជួយ ប៉ុន្តែទូរសព្ទអស់លុយទៀត ខ្ញុំក៏ប្រើសារតាមឆាតវិញ ព្រោះទូរសព្ទជាប់ Wifi កន្លែងធ្វើការ។
ខ្ញុំមិនច្បាស់ថា កាលនោះអំឡុងឆ្នាំ ២០១២ Messenger មានមុខងារអាចខលរកគ្នា ឬក៏ផ្ញើសារជាសំឡេង បានដូចសព្វថ្ងៃ ឬក៏អត់ទេ ព្រោះខ្ញុំពេលនោះ បានសម្រេចជ្រើសរើសការផ្ញើសារទៅវិញ។ ខ្ញុំបានឆាតទៅឈ្មោះ វិសាល ប្រាប់ថា ឲ្យមកជួយខ្ញុំផង ព្រោះខ្ញុំដូចជាវង្វេង រកផ្លូវចុះមកក្រោមមិនឃើញទេ។ មិត្តភ័ក្ដិរបស់ខ្ញុំឃើញសារ ប៉ុន្តែអត់ឆ្លើយ គេប្រហែលជាកំពុងតែគិតថា ខ្ញុំលេងសើចនឹងគេហើយមើលទៅ ព្រោះមិនដែលនរណារកផ្លូវចុះមិនឃើញ បើផ្លូវឡើងចុះរាល់ថ្ងៃនោះ!។
បញ្ញា ស្មារតីរបស់ខ្ញុំពេលនោះ ដូចមានអ្វីមកបាំង ភ្នែកមើលឃើញហើយ មិនដឹងថាជាអ្វី...ខ្ញុំកាន់តែច្របូកច្របល់មែនទែន។ ប្រមាណជា កន្លះម៉ោង ខ្ញុំនៅតែឡើងចុះៗ រកផ្លូវមិនឃើញ។ ចុងក្រោយខ្ញុំខំពង្រឹងស្មារតីឡើងវិញ ហើយបានរត់ទៅជាន់លើវិញ(ជាន់ខ្ញុំធ្វើការ) ហើយរត់ចូលទៅបន្ទប់ GM ដែលបន្ទប់របស់គាត់ មានបង្អួច។
ខ្ញុំបានបើកបង្អួចការិយាល័យរបស់អ្នកគ្រប់គ្រង ឲ្យពន្លឺថ្ងៃចូល...ហើយខ្ញុំអើតក្បាលចេញក្រៅបង្អួច ដើម្បីទទួលយកបរិយាកាសថ្មី ដូចលាងជម្រះអារម្មណ៍ ក៏ដូចជាស្មារតីរបស់ខ្ញុំដែលដូចមានអ្វីបាំងស្លុបគិតអ្វី មើលអ្វីមិនដឹងជាអ្វី។ បន្តិចក្រោយមក ខ្ញុំក៏ទទួលអារម្មណ៍ថា ស្មារតីវិលមកប្រក្រតីឡើងវិញ។ ដូច្នេះខ្ញុំ ក៏ចុះមកក្រោមម្ដងទៀត...ស្រាប់តែរកផ្លូវឃើញចុះមកក្រោមជាធម្មតា។
តាមពិតផ្លូវនេះ ខ្ញុំបានមកដល់ជាច្រើនលើក ប៉ុន្តែខួរក្បាលផង ភ្នែកដែលឃើញផង តែដូចមិនទទួលញាណថា នេះជាផ្លូវចុះនោះទេ ពោលគឺដូចនិយាយពីខាងលើ ខ្ញុំដូចជាមានអ្វីមកបិទបាំងភ្នែក ញាណ និងបង្រួមសមត្ថភាពខួរក្បាលអីចឹង។ ពេលដែលមកដល់ផ្លូវចុះ ដែលត្រូវឆ្លងកាត់ការិយាល័យ Admin និងទីផ្សារ ដែលជាផ្លូវចុះទៅទ្វារធំខាងក្រោមនោះ ខ្ញុំបែរជាគិតថា នេះមិនមែនផ្លូវចុះទៅក្រោមទេ គឺចុះទៅជណ្ដើរមួយទៀត ដែលគេបិទចោលទៅវិញ។
អាចនិយាយថា ការិយាល័យរបស់ខ្ញុំមានផ្លូវ២អាចចុះមកក្រោម ប៉ុន្តែមួយត្រូវបិទចោល ជាផ្លូវចេញពីជណ្ដើរយន្ត ប៉ុន្តែជណ្ដើរយន្តនេះ មិនដែលប្រើទេ តាំងពីធ្វើមក ខ្ញុំក៏មិនដឹងមូលហេតុច្បាស់ដែរ។ ដូច្នេះហើយ ជណ្ដើរជើងដែលនៅគៀនជណ្ដើរយន្តក៏ត្រូវបិទចោលដែរ។
មកដល់ចំណុចនេះ ខ្ញុំអាចសរុបថា មានបញ្ហា២ ទី១ ខ្ញុំច្រឡំផ្លូវ មិនចុះផ្លូវដែលចុះឡើងរាល់ថ្ងៃ ទៅចុះផ្លូវដែលជណ្ដើរគេបិទ។ តាំងពីជើងដំបូងនៃដំណើររកផ្លូវចុះក្រោមរបស់ខ្ញុំ ស្មារតីរបស់ខ្ញុំហាក់ត្រូវទាញកន្ត្រាក់ឲ្យភ្ញាក់ ឲ្យច្របូកច្របល់ពេលចុះចុមផ្លូវបិទ (អាចមកពីយើងមានអារម្មណ៍ថាកំពុងខ្មោចលង អារម្មណ៍បែបនេះវាធ្វើឲ្យយើងកាន់តែភ័យ កាន់តែច្របូកច្របល់) ។ ព្រោះថា ទើបឡើងព្រឹកមិញសោះ ហេតុអីក៏ត្រូវបិទដោយជញ្ជាំងឈើលឿនម្ល៉េះ។
ចំណែកបញ្ហាទី២ ដែលអាចថាមិនធម្មតានោះ គឺខ្ញុំបានមកដល់ទ្វារ និងបើកអើតក្បាលឆ្លងកាត់ទ្វារ ទៅរកផ្លូវសម្រាប់ចុះក្រោម(មួយជាន់មានទ្វារកញ្ចក់មួយនៅច្រកផ្លូវចេញចូល និងចុះក្រោម) នោះហើយ ប៉ុន្តែដូចប្រាប់ពីខាងលើអីចឹង មកដល់មើលឃើញនឹងភ្នែក នៅតែមិនដឹងថា ផ្លូវនេះជាផ្លូវចុះទៅក្រោមសោះ។
ខ្ញុំព្យាយាមអធិប្បាយលម្អិត ឲ្យបងប្អូនយល់ ព្រោះរឿងនេះ វាហួសពីគួរឲ្យជឿពិតមែន។ ចង់និយាយថា បើខ្ញុំជាអ្នកទទួលសារឲ្យទៅជួយពីមិត្តភក្ដិ ដូចដែលខ្ញុំផ្ញើទៅហៅមិត្តភ័ក្ដិអោយមកជួយនោះ ខ្ញុំក៏ប្រហែលជាគិតថា ជាការលេងសើចដែរ និងក៏ជារឿងពិបាកជឿពិតមែន។ ប៉ុន្តែជាអ្វីដែលខ្ញុំជួបពិតប្រាកដ...មួយវិញទៀត បើទោះជាបានអាន ខ្ញុំជឿថា បងប្អូននៅតែពិបាកយល់។
ព្រោះវាដូចសុំាញុំាបន្តិច លើកលែងតែខ្ញុំ មានរូបភាពពីផ្លូវចុះឡើងក្រុមហ៊ុនខ្ញុំបង្ហាញ ក្រែងងាយយល់ខ្លះ។ ប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េច ព្រោះខ្ញុំលែងធ្វើការនៅទីនោះទៅហើយ។ ប៉ុន្តែរឿងប្លែកៗខ្លះ ក៏មានបុគ្គលិកផ្សេងនិយាយដែរ។ ជាក់ស្ដែងមីងអនាម័យ មានគ្នាពីរនាក់ គាត់ថា គាត់មិនហ៊ានចូលទៅក្នុងអគារឡើយ បើមិនទាន់មានបុគ្គលិកណាម្នាក់មកដល់។
គាត់ថា គាត់ធ្លាប់ឃើញ ធ្លាប់លឺសំឡេងប្លែកៗ ឬក៏ស្រមោលមនុស្សជាដើម។ និយាយដល់កន្លែងនេះ ខ្ញុំព្រឺសម្បុរដែរ...ខ្ញុំជឿថា កន្លែងធ្វើការ ពិសេសអគារធំៗបែបនេះ ពិតជាមានពពួកអមនុស្សនៅឡាយឡំនឹងយើងពិតមែន។ អរគុណ...សាច់រឿងរបស់ខ្ញុំមានប៉ុណ្ណឹង ចែកជូនបងប្អូន ពិចារណាតាមការយល់ឃើញរៀងៗខ្លួន៕
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ នឹកឡើងហួសចិត្ត ក៏បាន!!!