អ្នកទើបបើកហាងថ្មីថ្មោងគួរដឹងស្ទីលបោកប្លែកៗ បង្ការអស់ទ្រព្យសម្បត្តិទទេៗ
- 2018-09-17 20:55:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកទើបបើកហាងថ្មីថ្មោងគួរដឹងស្ទីលបោកប្លែកៗ បង្ការអស់ទ្រព្យសម្បត្តិទទេៗ
ការបើកហាងរកទទួលទាន គឺពិតជាមានឧបសគ្គច្រើនមិនអស់ទម្រាំបានជោគជ័យ។ ជារឿយៗការឆបោកពីជនខិលខូចតែងតែកើតឡើងផងដែរ។ ដូច្នេះហើយដើម្បីទុកជាមេរៀនសម្រាប់ការពារខ្លួនដល់អ្នកដែលទើបបើកហាងធ្វើអាជីវកម្មថ្មីថ្មោង ម្ចាស់ហាង ២ រូបចែករំលែកពី បទពិសោធន៍នៃការបោកប្រាស់របស់ជនខិលខូចដែលខ្លួនជួបប្រទះកន្លងមក។
ម្ចាស់ហាងលក់ផលិតផលថែរក្សាសម្រស់ម្នាក់មានឈ្មោះក្នុងហ្វេសប៊ុកថា Zaa Molyបានចែករំលែកបទពិសោធន៍ ដោយសរសេររៀបរាប់ពីល្បិចឆបោករបស់ជនខិលខូចក្នុង ហ្វេសប៊ុកផេកលក់គ្រឿងសម្អាងខ្លួនផ្ទាល់ដែលមានឈ្មោះថា White Beauty House ដូច្នេះថា៖ "ថ្ងៃនេះមានរឿងចង់និយាយអំពីមនុស្សឆបោកដែលហាយសូល្បីតាមអនឡាញម្នាក់ ដែលតែងតែទៅបោកតាមហាងលក់សម្លៀកបំពាក់ក៏ដូចជាហាងស្បែកជើង-ល-ឥឡូវជួបដល់ហាងលក់គ្រឿងក្រអូបវិញម្ដង ប៉ុន្តែគាត់មិនទាន់បានបោកអ្វីពីខ្ញុំបានសំរេចទេ ព្រោះខ្ញុំបានសេវមុខគាត់ទុក ចំណាំគាត់ច្បាស់ដូចថ្ងៃ តែស្ទីលគាត់ដូចអត់ដូរសោះ ដំបូងគាត់បានចូលមកក្នុងហាងខ្ញុំហេីយសួរអំពីឡេលាបមុខ និងខ្ចីលុយឲ្យថ្លៃតុកៗ ព្រោះអត់បានដកលុយពីធនាគារ ជាហេតុដែលធ្វេីឲ្យខ្ញុំប្រាកដចិត្តថាជាគាត់100%ព្រោះគាត់តែងតែបោកគេដោយប្រេីស្ទីលនេះ បន្ទាប់មកប្រហែលជាគាត់គិតថាយកអ្វីមិនកេីត ទេីបយកលេសខ្ចីដង្កៀបកៀបសក់និងទៅដកលុយ ហេីយក៏ទៅបាត់ឈឹងតែម្ដង។ គិតៗទៅដូចចាស់ៗនិយាយចឹងចោរទោះជាវាលួចអ្វីមិនបានក៏ត្រូវមានរបស់ទ្រនាប់ដៃទៅវិញដែរកុំឲ្យស៊យ។ចឹងក៏សុំផ្ដល់ជាព័ត៌មានចែកជូនដល់បងប្អូនទាំងអស់ឲ្យប្រុងប្រយ័ត្នម្នាក់ស្រីក្នុងរូបនេះផង។"
មិនសូវខុសគ្នា ជាមួយអ្នកស្រី ពេជ្រ ចិន្ដា ម្ចាស់ហាង អ៊ុតសក់ Pen Studio នៅម្ដុំទួលទំពូង ដែលបើករយៈពេល ២០ ឆ្នាំហើយនោះបានចែករំលែកបទពិសោធន៍ដែលត្រូវបានជនខិលខូចចូលលួចបន្លំថា៖ តាំងពីបើកហាងមកទល់បច្ចុប្បន្ន អ្នកស្រីធ្លាប់រងគ្រោះដោយសារជនខិលខូចចូលបន្លំ ៣ ដងក្រោមរូបភាពផ្សេងៗគ្នា។ អ្នកស្រី រៀបរាប់ថា៖ "លើកទីមួយនឹង កាលនោះមីងចាំបានថាក្នុងឆ្នាំ ២០០៧ មានបុរសពីរអ្នកជិះម៉ូតូឌុបគ្នា រួចម្នាក់ឈប់មុខហាង ហើយម្នាក់ទៀតដើរមកចូលសួរនាំ។ តែមីងក៏មើលទៅមិនស្រួលដែរ ទើបដើរទៅនិយាយជាមួយគេនៅមាត់ទ្វាចូលដើម្បីកុំឲ្យគេចូលមកដល់ក្នុងហាង។ គេសួរមីងថាមានលាបថ្នាំសក់ប្រុសឬទេ មីងឆ្លើយទៅវិញថា អត់មានទេ ហើយគេក៏ត្រលប់ឡើងម៉ូតូទៅវិញ។ មីងមិនដឹងថា គេបានលួចអ្វីនោះទេ លុះរសៀលបន្តិចប្ដីមីងចុះពីផ្ទះរៀបចំ ខ្លួនបម្រុងនិងចេញក្រៅក៏រកស្បែកជើងមិនឃើញ។ ទាល់តែបែបនោះទើបមីងនឹកឃើញដល់បុរស ២អ្នកនោះ ថាច្បាស់ជាគេស៊កទៅហើយ ព្រោះស្បែកជើងនោះជាស្បែកជើង ប៊ូ សាច់ស្បែកនិងមានតម្លៃថ្លៃ។
ចំណែកលើកទី ២ វិញ គីនៅឆ្នាំ ២០១១ ។ ពួកជនខិលខូចគឺជាកូនក្មេង អាយុប្រហែល ១០ ទៅ១២ ឆ្នាំ ជិះកង់មកធ្វើសកម្មភាព។ កាលនោះល្ងាចម៉ោង ៦ៈ០០ដែលសល់តែមួយម៉ោងទៀតបិទហាងទៅហើយ។ ក្មេងៗ ៣នាក់នោះជិះកង់តែមើលទៅស្អាតបាត និងមិនគួរឲ្យសង្ស័យនោះឡើយ។ គេប្រាប់ថា គេត្រូវការលាបសក់ព្រោះព្រឹកស្អែកត្រូវចូលរួមមង្គលការបងប្អូន។ ដូច្នេះមីងក៏ព្រមទទួល ហើយទៅលាយថ្នាំលាបនៅខាងក្រោយហាង ដោយភ្ញៀវចាំនៅខាងមុខ។ ក្រោយលាយរួច ដើរមករកភ្ញៀវគឺទៅបាត់អស់ ហើយបាត់ទាំងទូរស័ព្ទនិងកាបូបលុយផងដែរ។
ចំណែកឯលើកចុងក្រោយនេះគឺពិតជាស្មានមិនដល់ និងគួរឲ្យភ័យខ្លាចបំផុត ដោយចោរស្រីចូលបន្លំជាជាង មកបម្រើការមួយខែ ទើបធ្វើសកម្មភាព លួចគ្រឿងអលង្ការ និងលុយកាក់មួយចំនួន ហើយរត់ បាត់។ លុះបានមួយអាទិត្យចោរដដែលចេញធ្វើសកម្មភាពដដែល តែប៉ះចំហាងប្អូនថ្លៃមីង ដែលជាជាងអ៊ុតសក់ដែរ ហើយគេចំណាំមុខវាបាន ក៏ចាប់ឲ្យប៉ូលិស វាយខ្នោះធ្វើតាមច្បាប់។ កាលនោះមីងយកបានគ្រឿងអលង្ការ មកវិញបានតែលុយត្រូវវាយកចាយអស់។"
ក្រោយពីឃើញស្ថានភាពបែបនេះអ្នកស្រីក៏ប្រយ័ត្នប្រយែងទ្វេដងដោយតម្លើងកាមេរ៉ាសុវត្ថិភាព ជួលសន្តិសុខយាមកាម និងចែករំលែកដល់បងប្អូនកូនចៅ ឲ្យប្រុងប្រយ័ត្នដោយមិនធ្វេសប្រហែស មួយចំណុចណាឡើយ។