គួរឲ្យសរសើរ! អ្នកម្ដាយគំរូ ៧រូប បានប័ណ្ណសរសើរក្រោយបំបៅដោះកូនល្អបំផុត
- 2019-07-30 00:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! អ្នកម្ដាយគំរូ ៧រូប បានប័ណ្ណសរសើរក្រោយបំបៅដោះកូនល្អបំផុត
ដោយសារតែមានការអនុវត្តល្អក្នុងការបំបៅកូនដោយទឹកដោះ ទីបំផុតអ្នកម្ដាយគំរូចំនួន ៧ រូប ទទួលបានប័ណ្ណសរសើរ ពីឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល នៅក្នុងកម្មវិធីសប្ដាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្ដាយ។
នៅថ្ងៃទី ៣០ ខែកក្កដា នេះ ក្រសួងសុខាភិបាលសហការជាមួយសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ រៀបចំកម្មវិធីទិវាបំបៅដោះកូនដោយទឹកដោះឆ្នាំ ២០១៩ ក្រោមប្រធានបទ «យើងទាំងអស់គ្នាគាំទ្រការបំបៅកូនដោយទឹកដោះម្ដាយ»។
កម្មវិធីមួយនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងអត្រាស្លាប់របស់កុមារ។
អ្នកស្រី លី សុខហ័ង្គ ប្រធានកម្មវិធីនៅអង្គការ Hellen Keller ដែលបានជ្រើសរើសម្ដាយគំរូម្នាក់មកពីខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មូលហេតុដែលស្ត្រីទាំង ៧ នាក់ទទួលបានប័ណ្ណសរសើរថា ជាអ្នកម្ដាយគំរូនោះ គឺដោយសារតែពួកគេបានអនុវត្តគោលការណ៍ក្នុងការបំបៅកូនបានត្រឹមត្រូវតាមគោលនយោបាយជាតិស្ដីពីការចិញ្ចឹមទារកនិងកុមារតូចរបស់ក្រសួងសុខាភិបាល។
ស្រ្តីទាំង ៧ នាក់នេះ មានដូចជា លោកស្រី ឈុន ប៊ុននី មកពីខេត្តត្បូងឃ្មុំ លោកស្រី ឈីវ សុជាតា បុគ្គលិកអង្គការទស្សនៈពិភពលោក លោកស្រី ថន ស៊ីណា មកពីខេត្តសៀមរាប លោកស្រី ស្រី សារ៉ាយ មកពីខេត្តសៀមរាប លោកស្រី ឆ្លាម អ៊ិត មកពីខេត្តសៀមរាប លោកស្រី អ៊ី ឈុន្នា មកពីខេត្តព្រះវិហា និងអ្នកស្រី ម៉ា សុវី មកពីវិទ្យាស្ថានជាតិសុខាភិបាល។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឲ្យដឹងថា ពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានសម្រេចនូវវឌ្ឍនភាពគួរឲ្យគត់សម្គាល់មួយ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភស្ត្រីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារតូច។