អង្គការម៉ារីស្តូប នាំយកមកវិញនូវទិវាសិទ្ធិក្នុងការជ្រើសរើស ដើម្បីអបអរសិទ្ធិស្រ្តីក្នុងការសម្រេចចិត្ត
- 2019-10-21 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការម៉ារីស្តូប នាំយកមកវិញនូវទិវាសិទ្ធិក្នុងការជ្រើសរើស ដើម្បីអបអរសិទ្ធិស្រ្តីក្នុងការសម្រេចចិត្ត
សាធារណជនគ្រប់រូបគឺត្រូវបានអញ្ជើញមកកម្មវិធីទិវា ”សិទ្ធិក្នុងការជ្រើសរើស” នៅថ្ងៃទី១៧ ខែតុលា ដើម្បីអបអរ និងលើកកម្ពស់ស្រ្តីក្នុងការទទួលបានព័ត៌មាន និងធ្វើការសម្រេចចិត្តលើសិទ្ធិក្នុងការបន្តពូជរបស់គាត់។
នៅឆ្នាំទី២នេះ ទិវាសិទ្ធិក្នុងការជ្រើសរើសដែលជាកម្មវិធីផ្តួចផ្តើមដោយអង្គការ Marie Stopes នឹងត្រឡប់មកវិញដើម្បីលើកកម្ពស់ស្រ្តី ក្នុងការគ្រប់គ្រងជីវិតរបស់គាត់ និងអនុវត្តសិទ្ធិនៃការទទួលបានព័ត៌មានពីជម្រើសសុខភាពបន្តពូជ និងសេវាកម្មដែលមានសុវត្ថិភាព រួមមានទាំងការរំលូតកូនដោយសុវត្ថិភាពផងដែរ។ បើទោះបីជាសេវាកម្មរំលូតកូនស្របច្បាប់ក៏ដោយ ប៉ុន្តែព័ត៌មានពីសេវាកម្មនេះនៅមានកម្រិត ហើយនៅតែជាប្រធានបទដែលមិនត្រូវបានជជែកនៅប្រទេសកម្ពុជា ដែលនាំឲ្យស្រ្តីទៅស្វែងរកសេវាកម្មដែលមិនមានសុវត្ថិភាព ដោយសារតែការភ័យខ្លាច ខ្មាសអៀន ឬមិនមានព័ត៌មានគ្រប់គ្រាន់។ ការបំបាត់ការរំលូតកូនដោយមិនមានសុវត្ថិភាព និងធានាថា ទារកគ្រប់រូបគឺសុទ្ធតែទទួលបានការត្រូវការ គឺជាគុណតម្លៃរបស់អង្គការ Marie Stopes តាំងពីពេលចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជា នាឆ្នាំ១៩៩៨។
សាធារណជនគ្រប់ភេទទាំងអស់នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីដែលធ្វើឡើងមួយកំណាត់ថ្ងៃនេះ ដោយមានព័ត៌មាន និងសកម្មភាពកម្សាន្តជាច្រើននៅ Futures Factory វេលាម៉ោង១ដល់ម៉ោង៦ល្ងាច។ កម្មវិធីនេះនឹងរួមមានការតាំងពិព័រណ៌រូប ល្បែងកម្សាន្ត ការសម្តែង ការគូរគំនូរ ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និងការចូលរួមរបស់ Feminist Voices។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.facebook.com/MarieStopesKH ។ អ្នកចូលរួមមិនត្រឹមតែអាចដើរមើលកម្សាន្ត និងចូលរួមក្នុងសកម្មភាពដែលពួកគេចង់ដឹងទេ ប៉ុន្តែពួកគាត់ក៏នឹងបានចូលរួមក្នុងការសិក្សាពីសុខភាពបន្តពូជ វិធីសាស្រ្តពន្យារកំណើត និងការរំលូតកូនដោយសុវត្ថិភាព ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្រ្តីឲ្យគ្រប់គ្រងរាងកាយរបស់គាត់ និងធ្វើការសម្រេចចិត្តដ៏ល្អចំពោះសុខភាពគាត់ និងអនាគតរបស់គាត់។
អ្នកស្រី Amy Williamson នាយកប្រចាំប្រទេសរបស់អង្គការ Marie Stopes បានឲ្យដឹងថា៖ «បើទោះជាស្រ្តីជាច្រើននៅខ្វះខាតព័ត៌មាន និងការទទួលបានសេវាកម្មរំលូតកូនដោយសុវត្ថិភាពនៅប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែយើងកំពុងតែខិតខំប្រឹងប្រែងបំបាត់គំលាតនេះដើម្បីធានាបានថា គ្រប់ស្រ្តីទាំងអស់មានជម្រើសក្នុងការរំលូតកូនប្រសិនបើពួកគាត់ចង់ ដោយមិនផ្តល់ហានិភ័យដល់សុខភាពរបស់គាត់»។
អ្នកស្រីបានសម្តែងគំនិតវិជ្ជមានទៅលើអនាគតនៃសិទ្ធិសុខភាពបន្តពូជរបស់ស្រ្តីនៅប្រទេសកម្ពុជា ថា៖ «ជាមួយនឹងសកម្មភាព និងការខិតខំលើកកម្ពស់ និងផ្សព្ធផ្សាយរបស់យើង ដូចជាទិវាសិទ្ធិក្នុងការជ្រើសរើសនេះ ក៏ដូចជាការខិតខំរបស់ស្ថាប័នពាក់ព័ន្ធ យុវវ័យនឹងកាន់តែយល់ដឹងបន្ថែមពីសុខភាពបន្តពូជរបស់ពួកគេ វិធីក្នុងការការពារខ្លួន និងជម្រើសដែលអាចទទួលបានប្រសិនបើពួកគេមានផ្ទៃពោះដោយចៃដន្យ។ ទាំងអស់នេះ គឺដើម្បីប្រាកដថា យុវវ័យជាពិសេសស្រ្តី នឹងអាចពង្រីកសក្តានុពលរបស់ពួកគាត់ដោយចាប់ផ្តើមបង្កើតគ្រួសារនៅពេលដែលគាត់បានត្រៀមខ្លួនរួចរាល់ហើយ»។
ទិវាសិទ្ធិក្នុងការជ្រើសរើសគឺជាកម្មវិធីដែលចូលរួមដោយសេរី និងស្វាគមន៍សាធារណជនទាំងអស់។ ដើម្បីបង្ហាញពីការគាំទ្រ យើងលើកទឹកចិត្តឲ្យពួកគេចែករំលែកកម្មវិធីនេះ និងរូបភាពតាមរយៈបណ្តាញសង្គមជាមួយនឹង #PowerofChoice។
ស្ត្រីទាំងឡាយដែលមានបំណងចង់ទទួលបានដំបូន្មានល្អៗអំពីមធ្យោបាយពន្យារកំណើត ឬជម្រើសផ្សេងៗទាក់ទងនឹងការមានផ្ទៃពោះដោយចៃដន្យ ឬឥតព្រាងទុក អាចទំនាក់ទំនងទៅកាន់អង្គការម៉ារីស្តូបបាន។
ពួកគេអាចទូរសព្ទទៅកាន់អង្គការម៉ារីស្តូប តាមរយៈទូរសព្ទលេខ ០១២ ៩៩៩ ០០២ ឬ០៩៨ ៩៩៩ ១០២ ឬតាមរយៈបណ្ដាញហ្វេសប៊ុក www.facebook.com/MarieStopesKH។ ស្ត្រីទាំងអស់ក៏អាចអញ្ជើញមកកាន់គ្លីនិកម៉ារីស្តូបដោយផ្ទាល់ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ឬនៅតាមសេវាសុខភាពសាធារណៈ ដើម្បីសាកសួរព័ត៌មានផ្សេងៗ។ សូមចូលទៅកាន់គេហទំព័ររបស់អង្គការម៉ារីស្តូប ដែលមានអាស័យដ្ឋាន៖ www.mariestopes.org.kh៕
ចុចអាន៖ ហេតុអ្វីបានជាគេប្រារព្ធទិវាកុមារីអន្តរជាតិ ១១ តុលា?