មុខចេះតែឡើងមុនមិនឈប់ អស់ចម្ងល់ទៀតហើយ បើបានដឹងពីមូលហេតុទាំងនេះ
- 2020-01-29 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខចេះតែឡើងមុនមិនឈប់ អស់ចម្ងល់ទៀតហើយ បើបានដឹងពីមូលហេតុទាំងនេះ
ការកើតមុន ត្រូវបានចាត់ទុកជាបញ្ហាស្បែកមួយ ដែលកើតឡើងសឹងតែគ្រប់វ័យទាំងអស់។ កាលណាមុខកើតមុនហើយ វាមិនងាយស្រួលទេ ក្នុងការព្យាបាល។ អ្នកខ្លះវិញ ខំរិះរកវិធីច្រើនយ៉ាងដែរ ក៏នៅតែមិនបាត់ ហើយឆ្ងល់ថាមកពីមូលហេតុអ្វី។ មុនមានច្រើនប្រភេទខុសៗគ្នា និងមានវិធីព្យាបាលតាមប្រភេទនិមួយៗ។ បើអ្នកដឹងពីមូលហេតុនៃការកើតមុននៅលើមុខរបស់ខ្លួន បានច្បាស់លាស់ នោះអ្នកនឹងងាយស្រួលក្នុងការរកវិធីការពារនិងព្យាបាល ដែលមានប្រសិទ្ធភាពបំផុត។
មូលហេតុផ្សេងៗគ្នា ដែលអាចបណ្តាលឲ្យកើតមុន
មុន អាចកើតឡើងដោយសារ ការរោលរលាករបស់ក្រពេញប្រេងម្យ៉ាងឈ្មោះថា Sebaceous។ អ្នកអាចឃើញក្រពេញនោះរីកប៉ោង នៅកន្លែងមួយចំនួនដូចជា មុខ ទ្រូង និងខ្នង។ ឯអ្នកខ្លះទៀត អាចកើតនៅលើស្មា ដើមដៃ ដែលជាកត្តាកម្រ។
១. មុនអ័រម៉ូន ការកើនឡើងនៃកម្រិតអេនដ្រូជែន (Androgen) ពេលវ័យជំទង់ ជាពិសេសចំពោះមនុស្សប្រុស ជាមូលហេតុនាំឲ្យកើតមុនជាងវ័យផ្សេងទៀត។ អ័រម៉ូននេះ អាចធ្វើឲ្យក្រពេញជាតិប្រេង (Sebaceous) រីកកាន់តែធំ ស្ទះរន្ធរោម មានមុនកប់ក្នុងសាច់។ សម្រាប់មនុស្សស្រីវិញ ងាយនឹងរងបញ្ហានេះបំផុត មុនពេលមករដូវ។
២. ស្រ្តេស
ពេលអ្នកកើតទុក្ខពិបាកចិត្តច្រើនរហូតដល់ស្រ្តេស រាងកាយបានផលិតអ័រម៉ូនក័រទីសុល (Coltisol) ដែលធ្វើឲ្យកោសិកាស្បែកបញ្ចេញជាតិប្រេង បណ្តាលឲ្យឡើងមុន។
៣. តំណពូជ
បើប្រវត្តិក្រុមគ្រួសារ ធ្លាប់មានមុន និងមានប្រភេទស្បែកប្រេង អ្នកអាចនឹងមុនជៀសមិនផុត។ ដោយសារស្បែកប្រេង មានរន្ធញើសធំ រឹងគ្រើម ជាតិកង្វក់ងាយទុំជាប់ ធ្វើឲ្យកើតមុនយ៉ាងលឿន។
៤. ការឆ្លងបាក់តេរី
ប្រភេទមុនដែលមានឈ្មោះថា P.Acne អាចកើតឡើងដោយសារ សារធាតុមីក្រូប្យ៉ូម (Microbiome) នៅលើស្បែកគ្មានតុល្យភាព។ នៅពេលមីក្រូម្យ៉ូម មានតុល្យភាព វាមានតួនាទីការពារស្បែករបស់អ្នក មិនឲ្យចុះខ្សោយ ឆាប់ឆ្លងបាក់តេរីផ្សេងៗ។
៥. ប្រើប្រាស់គ្រឿងសម្អាងឬផលិតផលថែរក្សាស្បែក
វាជាមូលហេតុមួយ ដែលបណ្តាលឲ្យមានមុនកប់ក្នុងសាច់ មុនរោលរលាកលើស្បែក ជាពិសេសអ្នកដែលមានស្បែកឆាប់ប្រតិកម្ម។ ដោយសារគ្រឿងសម្អាងឬផលិតផលថែរក្សាស្បែកមួយចំនួន មានធាតុផ្សំមិនល្អ មានជាតិប្រេង ដែលបង្កទៅជាស្ទះរន្ធញើស។
៦. ចំណីអាហារ
តើអ្នកធ្លាប់កត់សម្គាល់ទេថា នៅពេលញ៉ាំចំណីអាហារមួយចំនួន មុខបែរជាកើតមុនលឿនគួរឲ្យកត់សម្គាល់។ ក្នុងនោះរួមមាន អាហារប្រៃឬហឹរខ្លាំង មានជាតិស្ករច្រើន ឬប្រើប្រេងច្រើនជាដើម។ អាហារអាចធ្វើឲ្យអ្នកចេញមុន២ប្រភេទខុសគ្នា។
ទី១៖ ជាប្រភេទមុនមានរាងមូលតូច រឹង ពណ៌ស ដែលអាចមើលឃើញ នៅពេលទាញស្បែកឲ្យតឹង ឬច្របាច់។
ទី២៖ ជាប្រភេទមុនដែលមានរាងតូច មានជាតិទឹកឬខ្ទុះ រឹង អាចញេចបាន និងមានក្រម៉ខ្មៅពីលើ។
វិធីការពារ
សម្អាតខ្លួនប្រាណនិងមុខ ឲ្យបានស្អាតល្អជាប្រចាំ ប៉ុន្តែមិនត្រូវលាងឬខាត់ស្បែកមុខញឹកញាប់ពេកទេព្រោះវាអាចធ្វើឲ្យស្បែកបាត់បង់តុល្យភាព។
ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ហើយជៀសវាងអាហារដែលផ្អែមពេក។
ហាត់ប្រាណជាប្រចាំ សម្រាកឲ្យបានច្រើន។
ធ្វើចិត្តឲ្យសប្បាយស្រស់ថ្លា កុំកើតទុក្ខខ្លាំងពេក។
ជ្រើសរើសផលិតផល ដែលត្រូវនឹងប្រភេទស្បែក ជាពិសេសគ្រឿងសម្អាតនិងផលិតផលថែរក្សាប្រចាំថ្ងៃ។
**ប្រភេទមុននិមួយៗគឺខុសៗគ្នា។ ការជ្រើសរើសវិធីត្រឹមត្រូវនិងប្រឹក្សាពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញ ទើបអាចទទួលបានប្រសិទ្ធភាព កែប្រែបញ្ហាស្បែកមុខបានល្អប្រសើរ៕
ចុចអានបន្ត៖ ៤ ជំហានងាយៗ ផាត់ភ្នែកបែបនារីកូរ៉េ ស្រស់ស្អាតគួរឲ្យស្រលាញ់