ស្បែកមុខទន់រលោងក្នុងរយៈពេលខ្លី ដោយវិធីធ្វើម៉ាស់បិទមុខនៅផ្ទះ
- 2020-02-05 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកមុខទន់រលោងក្នុងរយៈពេលខ្លី ដោយវិធីធ្វើម៉ាស់បិទមុខនៅផ្ទះ
ស្បែកស្អាតមានសុខភាពល្អ មិនមែនសំដៅទៅលើពេលផាត់ម្សៅ ប៉ុន្តែបើស្បែកនៅតែស្រស់ថ្លាចែងចាំងទោះបីមិនតុបតែង ទើបជាអ្វីដែលមនុស្សស្រីប្រាថ្នាចង់បានពិតប្រាកដ។ អ្នកមិនចាំបាច់ចំណាយលុយទៅលើផលិតផលគីមីច្រើនពេកក៏បាន ព្រោះវិធីធម្មជាតិមួយចំនួន ក៏មានប្រសិទ្ធភាព អាចជួយឲ្យស្បែកភ្លឺទន់រលោង និងអាចធ្វើនៅផ្ទះបានដោយខ្លួនឯងទៀត។
១. ម៉ាស់ស្រ្តបឺរី
គ្រឿងផ្សំ៖ ស្រ្តបឺរី ៦-១០ ផ្លែ ទឹកឃ្មុំ១ស្លាបព្រាបាយ
របៀបធ្វើ៖ យកផ្លែស្ត្របឺរីស្រស់មិនកិនចូលគ្នាជាមួយនឹងទឹកឃ្មុំឲ្យបានម៉ដ្ឋល្អ បន្ទាប់មកយកវាមកបិទលើមុខប្រមាណ ២០នាទី រួចហើយទើបលាងចេញជាមួយទឹកក្តៅឧណ្ណៗ និងលាងទឹកត្រជាក់ចុងក្រោយគេ។
២. ម៉ាស់ប្រទាលកន្ទុយក្រពើ
គ្រឿងផ្សំ៖ ប្រទាលកន្ទុយក្រពើ១ស្លាបព្រាបាយ ទឹកដោះគោស្រស់២ស្លាបព្រាបាយ និងម្សៅរមៀតបន្តិច។
របៀបធ្វើ៖ លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ឲ្យខាប់ល្មម ហើយយកទៅលាបលើមុខ ឬកក៏បាន។ បន្ទាប់មកទុកចោលពី ២០-៣០នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ណៗ។
៣. ទឹកឃ្មុំនិងទឹកដោះគោ
គ្រឿងផ្សំ៖ ទឹកដោះគោស្រស់៤ស្លាបព្រាកាហ្វេ ទឹកឃ្មុំ២ស្លាបព្រាកាហ្វេ និងសំឡីសម្រាប់ជូតមុខ។
របៀបធ្វើ៖ យកទឹកដោះគោស្រស់និងទឹកឃ្មុំលាយចូលគ្នា ហើយកម្តៅឲ្យក្តៅតិចៗ បន្ទាប់មកប្រើសំឡីដើម្បីជ្រលក់ជូតមុខ ហើយទុកចោលឲ្យបានយ៉ាងហោចណាស់១០-២០ នាទី ទើបទៅលាងចេញជាមួយទឹកក្តៅឧណ្ណៗ និងលាងទឹកត្រជាក់តាមក្រោយ។
៤. ម៉ាស់ចេក
គ្រឿងផ្សំ៖ ចេកទុំ១ផ្លែ ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖ កិនចេកនិងទឹកឃ្មុំចូលគ្នាឲ្យបានសព្វល្អ ហើយយកទៅលាបឲ្យពេញផ្ទៃមុខ ទុកចោល១៥នាទី ទើបទៅលាងចេញជាមួយទឹកក្តៅឧណ្ណៗ និងលាងទឹកត្រជាក់តាមក្រោយ។
៥. ម៉ាស់ផ្លែបឺរ
គ្រឿងផ្សំ៖ ផ្លែបឺរទុំ១ ទឹកឃ្មុំ១ស្លាបព្រាបាយ
របៀបធ្វើ៖ យកតែសាច់ផ្លែបឺរមកកិនលាយគ្នាជាមួយទឹកឃ្មុំ បន្ទាប់មកលាបនៅលើផ្ទៃមុខ ទុកចោលពី ១០-១៥ នាទី ហើយត្រូវលាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។
ម៉ាស់ធម្មជាតិធ្វើនៅផ្ទះ តម្រូវឲ្យមានការអត់ធ្មត់បន្តិច ប៉ុន្តែអ្នកនឹងមិនខកបំណង ហើយវាក៏មិនប៉ះពាល់ដល់សុខភាពស្បែកដែរ។ ព្យាយាមប្រើវិធីណាមួយក្នុងចំណោមអ្វីដែលបានរៀបរាប់ខាងលើ ក្នុងរយៈពេល២-៣សប្តាហ៍ អ្នកសង្កេតឃើញស្បែក ទន់ ភ្លឺរលោងប្លែកជាក់ជាមិនខាន៕
ចុចអានបន្ត៖ ពិតទេ លាបឡេការពារកម្តៅថ្ងៃ២មុខខុសគ្នាក្នុងពេលតែមួយ ទទួលប្រសិទ្ធភាពខ្លាំង?