នារីម្នាក់ស្រកបាន៧០គីឡូក្នុងមួយឆ្នាំ ដោយសារទៅផ្ទះម្ដាយមើលលែងស្គាល់ព្រោះធាត់ពេក
- 2022-03-21 20:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ស្រកបាន៧០គីឡូក្នុងមួយឆ្នាំ ដោយសារទៅផ្ទះម្ដាយមើលលែងស្គាល់ព្រោះធាត់ពេក
ក្រោយរស់ជាមួយរូបរាងទម្ងន់ ១៣០គីឡូ២០ឆ្នាំ ហើយត្រូវពេទ្យប្រាប់ថា អាចដាច់សរសៃឈាមស្លាប់គ្រប់ពេលនោះ នារីឈ្មោះ Truong Thi Y Nhi បានសម្រេចពុះពារដើម្បីការពារជីវិតខ្លួនឯង។
កាលពីថ្ងៃទី ១៥ ខែមីនាកន្លងទៅនេះ បណ្ដាញព័ត៌មាន Vnexpress បានរាយការណ៍ថា CEO របស់ក្រុមហ៊ុនគ្រឿងសំអាងមួយបានស្រកគីឡូពី ១៣០គីឡូ ចុះសល់ត្រឹម៦០គីឡូក្រោយមួយឆ្នាំ។ តាមនោះដែរ កាលពីនៅក្រមុំ នាយកក្រុមហ៊ុនដែលមានឈ្មោះ Truong Thi Y Nhi មកពីទីក្រុងហូជីមិញ មានគីឡូត្រឹមតែ៥០ប៉ុណ្ណោះ ជាមួយកម្ពស់ ១.៦០ម។
យ៉ាងណាក្ដី ក្រោយពេលមានគ្រួសារ គួបផ្សំជាមួយស្ត្រេសពីការរកស៊ី និងមើលកូននោះ បានធ្វើឲ្យអ្នកម្ដាយរូបនេះ ឡើងទម្ងន់លែងគ្រប់គ្រងបាន។ នារីអាយុ ៤៤ឆ្នាំនៅចាំបានថា នៅឆ្នាំ២០២០ ពេលទៅពិនិត្យសុខភាព គីឡូរបស់នាងបានកើនឡើងដល់ ១៣០គីឡូ ហើយក៏ជាពេលដែលនៅពេលទៅស្រុក ម្ដាយរបស់នាង ស្គាល់តែប្ដីនាង ហើយមើលនាងលែងស្គាល់ ព្រោះនាងធាត់ខ្លាំងពេក។
ពេទ្យបានប្រាប់ថា នៅក្នុងខ្លួនរបស់នាយកក្រុមហ៊ុនរូបនេះ គឺមានឈាមកកក្នុងសរសៃឈាម ថ្លើម និងក្រលៀនដំណើរការលែងល្អ ហើយជាពិសេសនោះ នាងអាចដាច់សរសៃឈាមគ្រប់ពេលជាមួយគីឡូរបស់ខ្លួន។ ដោយខ្លាចត្រូវស្លាប់ចោលប្ដី និងកូន នារីកើតឆ្នាំ ១៩៧៨ បានចាប់ផ្ដើមសម្រកគីឡូ ដោយវិធីសាស្ត្ររបស់នាងនោះគឺផ្ដោតទៅលើ របបអាហារបស់ខ្លួន ដោយនាងចាប់ផ្ដើមញ៉ាំបន្លែច្រើនជាងមុន ហើយកាត់បន្ថយសាច់ របស់ផ្អែម និងខ្លាញ់។
ដោយសារតែមិនទម្លាប់ញ៉ាំបន្លែ ហើយឧស្សាហ៍ឃ្លានផងនោះ ទើបធ្វើឲ្យនាងត្រូវផឹកទឹកមួយកែវធំរាល់ពេលឃ្លានខ្លាំងពេក។ ជាមួយការព្យាយាមរបស់ខ្លួន CEO ខាងលើបានស្រកបាន ៧០គីឡូ ដោយនៅពេលនេះ នាងនៅសល់តែ៦០គីឡូប៉ុណ្ណោះ គឺធ្ងន់ជាងពេលនៅក្រមុំ១០គីឡូ។ នាងក៏ចែករំលែកដែរថា ពេលនេះនាងគេងលែងភ្ញាក់កណ្ដាលយប់ព្រោះខ្លាចស្លាប់ដូចមុនទៀតហើយ៕