របៀបបង្រៀនកូនៗរបស់អ្នកឲ្យមានភាពរឹងមាំខាងផ្លូវចិត្ត និងមានការតាំងចិត្តខ្ពស់

  • 2022-04-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃនេះ ឪពុកម្តាយជាច្រើនប្រឈមមុខនឹងបញ្ហាដែលកូនៗរបស់ពួកគេមានភាពយឺតយ៉ាវផ្នែកស្មារតី និងមិនក្លាហាន។ បញ្ហាទាំងនោះអាចជារឿងគួរឲ្យភ័យខ្លាចនៅពេលដែលកូនៗ​ធំឡើងនៅក្នុងសង្គមដែលមានការប្រកួតប្រជែងខ្ពស់ និងការទទួលរងសម្ពាធជាដើម។ កញ្ញា សូមណែនាំពីរបៀបបង្រៀនកូនៗសម្រាប់ប៉ាម៉ាក់ក្នុងការចិញ្ចឹមកូនៗមុនអាយុ ១០ ឆ្នាំឲ្យមានការតាំងចិត្តខ្ពស់ និងមានស្មារតីរឹងមាំ ដើម្បីទប់ទល់ទៅនឹងសង្គមដែលមានការប្រកួតប្រជែងខ្ពស់នាពេលអនាគត៖

ប្រភពរូបភាពពី Facebook Page

**១. ឲ្យកូនបង្កើតភាពខ្លាំងរបស់ខ្លួនតាមដែលអាចធ្វើបានប្រកបដោយទំនួលខុសត្រូវ** មនុស្សគ្រប់រូបទទួលបានទំនុកចិត្តនៅពេលដែលពួកគេមានអារម្មណ៍ថាពួកគេមានកម្លាំង​ចិត្ត ឬធ្វើអ្វីមួយដែលលេចធ្លោ។ ការលើកទឹកចិត្តកូនៗរបស់អ្នកឲ្យស្វែងរកចំណុចខ្លាំងរបស់គាត់ ដូចជាការលេងកីឡា លេងតន្ត្រី សិល្បៈ ឬការសិក្សាឲ្យបានល្អ គឺជាវិធីដើម្បីបង្កើតឱកាសដល់កុមារក្នុងការប្រកួតប្រជែង។ ការប្រកួតប្រជែងកាន់តែច្រើន ការបង្កើនការសិក្សា និងបទពិសោធន៍នានាក្នុងជីវិត នឹងធ្វើឲ្យពួកគាត់អាចទទួលបានភាពជោគជ័យ ក្នុងដំណើរជីវិត ហើយវានឹងបង្កើតទំនុកចិត្ត និងពង្រឹងស្មារតីរបស់គាត់ឲ្យបានល្អប្រសើរឡើង។

២. គួរដាក់សម្ពាធលើកូនរបស់អ្នកក្នុងកម្រិតមធ្យម ឪពុកម្តាយគ្រប់រូបគួរតែព្យាយាមចញ្ចឹមកូនៗឲ្យបានល្អ និងក្លាយជាមនុស្សល្អក្នុងសង្គម ប៉ុន្តែតែសូមកុំរំពឹងអ្វីៗ ខ្ពស់ខ្លាំងពេកចំពោះកូនៗ​ ពីព្រោះវាអាចក្លាយជាសម្ពាធចំពោះពួកគេទៅវិញទេ។ ម្យ៉ាងវិញទៀត ការបង្កើនការរំពឹងទុក និងការដាក់សម្ពាធខ្លាំងពេកលើកូនរបស់អ្នកនឹងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តនាពេលអនាគតរបស់អ្នក និងកូនៗ។ ដូច្នេះ គួរតែប្រកាន់យកចំណុចកណ្តាល មិនមែនដាក់សម្ពាធលើកូនអ្នកឲ្យសម្រេចកិច្ចការអ្វីមួយ ដោយមិនមានការយល់ស្របពីកូនៗផ្ទាល់នោះទេ។ ឪពុកម្តាយត្រូវមើលថែពួកគេយ៉ាងជិតស្និទ្ធ និងលើកទឹកចិត្តពួកគេ ជំរុញឲ្យពួកគេអាចធ្វើបាន វិធីនេះកុមារនឹងធំឡើងដោយមានទំនុកចិត្តវិជ្ជមាន ក្នុងការទទួលយកបញ្ហាប្រឈម និងអាចសម្រេចការងារបានល្អប្រកបដោយទំនួលខុសត្រូវ។

៣. បង្រៀនកូនៗក្នុងការប្រាស្រ័យទាក់ទងយ៉ាងម៉ត់ចត់ និងទាន់ពេលវេលា ការប្រាស្រ័យទាក់ទងគ្នារវាងឪពុកម្តាយ និងកូនៗគឺល្អសម្រាប់គ្រប់បញ្ហាទាំងអស់ដែលកើតមានឡើង ពីព្រោះវាជួយបង្កើតទំនាក់ទំនងល្អ រវាងសមាជិកគ្រួសារ។ ជាពិសេស នៅពេលដែលកុមារប្រលូកចូលក្នុងសង្គម ឪពុកម្តាយគួរលើកទឹកចិត្តកូន បង្រៀនគាត់ឲ្យនិយាយ និងធ្វើអ្វីមួយ ដែលត្រឹមត្រូវ ដែលមិនធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អ ឬសម្តែងចេញនូវអាកប្បកិរិយាមិនល្អណាមួយដែលអាចប៉ះពាល់ដល់អ្នកដទៃ និងសង្គមរស់នៅជុំវិញខ្លួនរបស់ពួកគាត់។

វិធីទាំងនេះពិតជាអាចជួយធ្វើឲ្យពួកគាត់ឲ្យធំធាត់ឡើងក្លាយទៅជាមនុស្សមានភាពក្លាហាន រឹងមាំខាងផ្លូវចិត្ត និងមានការតាំងចិត្តខ្ពស់៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី