ពាក្យ ១ ឃ្លាៗ របស់​ភរិយា តែង​ធ្វើឲ្យ​ស្វាមី​មាន​សម្ពាធ​ខ្លាំង

  • 2017-04-25 23:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ស្ត្រី​ជា​ភរិយា​មាន​ដឹង​អត់​ថា​ពាក្យ​មួយ​ឃ្លា​នោះ​ជា​អ្វី? អាន​ពីការ​លើកឡើង​របស់​ស្វាមី ទាំង ៥ រូប​ខាង​ក្រោម នោះ​យើង​នឹង​ដឹង​ថា សម្ពាធ​របស់​ដៃគូ​ជា​អ្វី​៖

១.សុភក្ត្រា៖ «ប្រពន្ធ​ខ្ញុំ​ឲ្យតែ​មាន​រឿង​អី​បន្តិច​តែង​យក​សម្ដី​១​ឃ្លា​នោះ​មក​គ្រប​លើ​ខ្ញុំ​ជានិច្ច គឺ​ថា “ប៉ា​ម៉ាក់​មិន​ដែល​ធ្វើឲ្យ​ខ្ញុំ​ទាស់​ចិត្ត​ឡើយ”។ ពេល​ខ្លះ​ខ្ញុំ​ក៏​ចង់​ប្រាប់​ទៅ​គាត់​វិញ​ដែរ​ថា “ប៉ា​ម៉ាក់​ខ្ញុំ​ក៏​មិន​ដែល​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ដូច​គ្នា​ដែរ”។ គាត់​ធ្លាប់​ជា​កូន​ស្រី​មាន​ប៉ា​ម៉ាក់​តាម​ចិត្ត ដល់​ពេល​រៀបការ​ហើយ​គាត់​នៅ​តែ​ធ្វើ​ចរិត​នោះ​ដដែល គ្មាន​ចេះ​សម្រប​ខ្លួន​តាម​ខ្ញុំ​ខ្លះ​សោះ»។

រូបតំណាង

**២.ហាក់**៖ «ឲ្យ​តែ​មាន​រឿង​អី​តិច​គាត់ "ចង់​តែ​ទៅ​ផ្ទះខ្ញុំ​វិញ​ទេ" សម្ដី​ដែល​ខ្ញុំ​ជា​ប្ដី​ស្ទើរតែ​អត់​ទ្រាំ​មិន​បាន។ ម្ដង​ៗ​​ខ្ញុំ​ចង់​តែ​ប្រាប់​គាត់​វិញ​ថា​ទៅណា ក៏​ទៅ​ៗ តែ​ព្រោះ​ស្រលាញ់​ខំ​អត់ធ្មត់​ណាស់ រឹតតែ​បាន​ចិត្ត​ណាស់? បើ​នៅ​តែម៉ាកៗនឹងទៀត គ្រួសារ​​ខ្ញុំ​​មិន​ដឹង​ទៅជា​យ៉ាង​ណា​ទេ។ ខ្ញុំ​ចង់​ប្រាប់​ទៅ​ប្រុស​ៗ​ដទៃ​ថា​បើ ចាំ​មើល​ចិត្ត​គ្នា​ឲ្យ​បាន យូរឆ្នាំ​សិន ចាំ​រៀបការ ព្រោះ​ត្រឹម​១ ឆ្នាំ​ប្រហែល​គេ​មិន​ទាន់​បញ្ចេញ​អត្តចរិត​ឲ្យ​យើង​ស្គាល់អស់ទេ»។

៣.វិជ្ជដា៖ «ខ្ញុំ​ទើប​រៀបការ​បាន​ជិត ១ ឆ្នាំ តែ​អាច​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា​ទាំង​ប្រពន្ធ​ខ្ញុំ និង​ប្រពន្ធគេប្រហែល​គិត​បែប​នឹង​ដាក់​ស្វាមី​ដូចគ្នា។ ម៉ែប្រពន្ធ​​គិត​ថា​ប្ដី​ធ្វើ​អី​ក៏​ខុស​ដែរ ទោះ​យើង​មិន​បាន​ធ្វើ​ខុស​ក៏​ត្រូវ​សុំទោស​គេ​ដែរ “បង​គ្រាន់តែ​លួង​អូន​សោះ តើ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ណា​ទៅ?” ខណៈ​ដែល​យើង​មិន​បាន​ធ្វើ ដោយសារតែមិន​ចង់​ឲ្យ​គេ​ដឹង​ថា​ឈ្លោះ​គ្នា ទើប​សុខ​ចិត្ត​ចាញ់ តែ​សូម​ផ្ដាំពាក្យបួនម៉ាត់​ទៅវិញ​ថា "​កុំ​បាន​ចិត្ត​ពេក"»។

៤.ប៊ុនថា៖ «ភរិយា​គ្មាន​ថ្ងៃ​យល់​ពី​អារម្មណ៍​គាបសង្កត់​មួយ​នេះ​ឡើយ។ ខ្ញុំ​សូម​ចែករំលែក​បញ្ហា​តិច​ចុះ ព្រោះ​ខ្ញុំ​ក៏​ជួប​ដែរ។ ទោះ​រៀបការ​ជិត ១០ ឆ្នាំ​ហើយ​ក៏​ដោយ ក៏​គាត់​នៅតែ​បែប​នេះ​ដែរ ឲ្យតែ​មាន​រឿង​អ្វី​បន្តិច​ដឹង​តែ​ប្រាប់​ម៉ែ​ឪ​តែ​ម្ដង។ គាត់​ចាប់ផ្ដើម​បាន​ចិត្ត​ពេល​មាន​កូន ១ មិន​ពេញ​ចិត្ត​អ្វី​បន្តិច គាត់​ដឹង​តែ​តេ​ទៅ​ប្រាប់​ម៉ែ​នៅ​ស្រុក ហើយ​ឪ​ម៉ែ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ថា​កាន់​ជើង​កូន ទើប​ចេះ​តែ​ស្ដីឲ្យ​ថា​ខ្ញុំ​មិន​​មើល​ថែ​ប្រពន្ធ​បាន​ល្អ។ ចង់​ប្រាប់​ថា​ល្មម​ៗ​បាន​ហើយ​អ្នក​ស្រី​ប្រពន្ធ ការ​ទ្រាំ​របស់​ប្ដី​ក៏​មាន​ដែន​កំណត់​ដែរ»។

រូបតំណាង

៥.ឧត្ដម៖ «ប្ដី​ៗ​ជួប​រឿង​ស្រដៀង​ៗ​តែ​គ្នា​ទេ។ តែ​រឿង​ខុស​គ្នា​មួយ​ដែល​ប្រពន្ធ​តែង​ធ្វើឲ្យ​ខ្ញុំ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​នោះ គឺ​គាត់​ចូលចិត្ត​ប្រៀបធៀប​គ្រួសារ​ខ្លួន ទៅ​គ្រួសារ​គេ​ផ្សេង​ទៀត។ ការ​រួច ៥ ឆ្នាំ គាត់​នៅ​តែ​និយាយ​ពាក្យ​នេះ​ដដែល “មើល​គេ​ណ៎ ម៉េច​ក៏​គេ​ល្អ​ជាង​យើង​ចឹង?” ព្រោះ​តែ​ស្រលាញ់​ទើប​ខ្ញុំ​ទ្រាំ និង​ខំ​ប្រឹង​រក​ដើម្បី​មក​បំពេញ​ចិត្ត​តែ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ តែ​គាត់​នៅ​បន្ត​ទៀត “កាល​ស្រលាញ់​គ្នា​ដំបូង បង​មិនមែន​ចឹង​ទេ” ហើយ​ខ្ញុំ​សឹង​តែ​ធ្លាយ​មាត់​ម្ដង​ៗ​ដែរ​ថា “បើ​ពេល​ស្រលាញ់​គ្នា​ដំបូង អូន​មាន​ចរិត​បែប​នឹង​បង​ក៏​មិន​ការ​ជាមួយ​អូន​ដែរ”»៕

នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​ពី​បុរស ៥ នាក់ ដែល​មាន​​ភរិយា​​និយាយ​សម្ដី​ធ្វើឲ្យប៉ះពាល់​អារម្មណ៍ ​តែ​ពេល​ខ្លះ​ស្រី​ៗ​ក៏​រង​សម្ពាធ​ច្រើន​ជាង​ស្វាមី​ដែរ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី