ចរិយាសម្បត្តិប្រពន្ធ ៥ យ៉ាងដែលធ្វើឲ្យស្វាមីមិនដាច់ចិត្តមានស្រីថ្មី
- 2017-05-30 21:23:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិយាសម្បត្តិប្រពន្ធ ៥ យ៉ាងដែលធ្វើឲ្យស្វាមីមិនដាច់ចិត្តមានស្រីថ្មី
ថ្ងៃនេះ កញ្ញា សូមបង្ហាញជូនមតិបុរសៗដែលគាត់មានភរិយាជាស្ត្រីគ្រប់លក្ខណ៍ បើទោះជាភរិយាអ្នកខ្លះមិនសូវស្អាត ក៏ពួកគាត់មិនដែលគិតមានស្រីថ្មីឡើយ។ អានពីការលើកឡើងនូវចរិយាសម្បត្តិទាំង ៥ យ៉ាងខាងក្រោមនេះ៖
លន់ វិជ្ជា៖ «ខ្ញុំពិតជាមានសំណាងណាស់ដែលមានភរិយាមានលក្ខណៈសម្បត្តិសព្វគ្រប់បែបនេះទាំងរូបរាង និងអត្តចរិត។ គាត់គឺជានារីដែលមានភាពអត់ធ្មត់ខ្លាំង,ចេះយល់សាច់ការរាក់ជ្រៅ,មិនបំបាក់មុខប្ដីក្នុងចំណោមមនុស្ស ជាពិសេសគាត់មានសមត្ថភាព កែប្រែបញ្ហាធំមកតូច បញ្ហាតូចមកជាគ្មានបញ្ហា។ និយាយឲ្យចំគាត់មិនចេះនាំភ្លើងក្រៅមកក្នុងផ្ទះ ហើយក៏មិនចេះនាំភ្លើងក្នុងផ្ទះទៅខាងក្រៅដែរ។ ព្រោះតែចរិយាផូរផង់បែបនេះហើយ ទើបខ្ញុំគ្មានពេលទៅលែបខាយស្រីផ្សេង»។
**ទៀង សុភក្រ្តា**៖ «បើនិយាយពីសម្រស់ភរិយាខ្ញុំ នរណាក៏ថាគាត់អត់ស្អាតដែរ តែអ្វីដែលអាចចង់ចិត្តខ្ញុំមិនឲ្យរវល់នឹងស្រីផ្សេងបាន គឺគាត់មិនត្រឹមតែស្រលាញ់ខ្ញុំខ្លាំងនោះទេ បងប្អូនញាតិមិត្តជិតឆ្ងាយខ្ញុំទាំងអស់ ក៏គាត់ស្រលាញ់រាប់អានដូចសាច់បង្កើតដែរ។ បើនិយាយពីការយកចិត្តម៉ាក់ប៉ាខ្ញុំវិញ គឺកូនបង្កើតសុំខ្មាសតែម្ដង ឲ្យតែទៅលេងស្រុកម្ដងៗប្រមែប្រមូលខោអាវពួកគាត់បោកគក់ខ្ទេច ហើយរៀបចំផ្ទះសម្ដែងឡើងស្អាតគ្មានទាស់។ ចំណែកម្ហូបអាហារវិញដឹងតែពេញៗលើតុហ្មង»។
សុំ មករា៖ «សុំអួតពីប្រពន្ធតិចចុះ ប្រពន្ធខ្ញុំមានអាកប្បកិរិយាល្អឥតខ្ចោះតែម្ដង។ បានជាខ្ញុំហ៊ាននិយាយបែបនេះ ព្រោះគាត់មានសមត្ថភាពអាចធ្វើការងារខាងក្រៅបានប្រាក់ខែខ្ពស់ហើយ ពេលទៅដល់ផ្ទះគាត់អាចរៀបចំផ្ទះបានស្អាតបាត,ពូកែធ្វើម្ហូប,មើលថែទាំប្ដី និងកូនបានល្អ ដោយមិនចាំបាច់ជួលឈ្នួលមកជួយកិច្ចការ បើទោះជាខ្ញុំចង់ឲ្យមានគេមកនៅជាមួយ ក៏គាត់ថាមិនត្រូវការដែរ គាត់អាចធ្វើបាន»។
រស់ សុផានិត៖ «ទោះប្រពន្ធស្អាតប៉ុណ្ណាក៏ដោយ តែបើគ្មានភាពស្មោះត្រង់នឹងគ្នា មនុស្សប្រុសនឹងស្វែងរកអ្នកថ្មីដែលគេស្មោះត្រង់ជាមួយវិញ ទោះមិនស្អាតដល់ប្រពន្ធក៏ដោយ។ តែប្រពន្ធខ្ញុំវិញមានទាំងអស់ ស្អាត, កូនអ្នកមាន និងមានភាពទៀងត្រង់ ព្រោះតាំងពីរៀបកាមក ម្ដាយកូនប្រុសទាំង ៣ នាក់របស់ខ្ញុំ គាត់តែងតែមានភាពស្មោះត្រង់ មិនដែលសូម្បីតែគិតថាចង់ក្បត់ខ្ញុំ។ បានជាខ្ញុំដឹងថាគាត់មិនដែលគិតថាក្បត់ ព្រោះពេលពួកខ្ញុំរៀបការថ្មីថ្មោង ពួកខ្ញុំក្រណាស់ ហើយឪពុកម្ដាយគាត់ក៏មិនពេញចិត្តឲ្យយើងនៅជាមួយគ្នាទៀត។ ដូចនេះការហើយពួកយើងចេញមកជួលបន្ទប់នៅក្រៅ ហើយមានប្រុសៗកូនអ្នកមានជាច្រើននៅតែតាមញ៉ែងញ៉ង និងអ្នកខ្លះហ៊ានសន្យាថាទិញឡាន,ទិញផ្ទះឲ្យទៀត ឲ្យតែគាត់ព្រមលែងលះខ្ញុំ។ តែគាត់បែរជាបដិសេធ និងចាប់ដៃគ្នារកស៊ីសន្សំពី ១០០៛ ជាមួយខ្ញុំ រហូតដល់ពេលនេះជីវភាពពួកខ្ញុំធូរធារគួរសម»។
សៀន ដាឡាត់៖ «ប្រពន្ធស្អាតមិនស្អាតមិនសំខាន់ ឲ្យតែស្លូតបូត, ចេះក្និកក្នក់គួរឲ្យស្រលាញ់, ពូកែយល់ចិត្តប្ដី ដឹងថាប្ដីចូលចិត្តពណ៌អ្វី,ចូលចិត្តញ៉ាំម្ហូបបែបណា ឬដឹងពីសុខទុក្ខនោះ ប្ដីស្រលាញ់ងប់ហើយ។ ម្យ៉ាងទៀតគាត់ពូកែអត់ធ្មត់ខ្លាំងណាស់ មិនដែលមានសម្ដីតូច ធំ ដាក់ខ្ញុំទេ ហើយបើនិយាយពីរូបរាងវិញ គ្រួសារខ្ញុំធម្មតាៗ តែគាត់ពូកែរឿងទាំងនោះ ចឹងហើយបានជាខ្ញុំស្រលាញ់គាត់ខ្លាំង គ្មានពេលណាទៅមើលស្រីផ្សេងនោះ»៕
នេះគ្រានតែទស្សនៈបុរស ៥ នាក់ផ្សេងគ្នាប៉ុណ្ណោះ!