តារាស្រីកូរ៉េល្បីៗដែលសុទ្ធតែបានគូស្នេហ៍ក្មេងជាងហើយសង្ហាកប់
- 2017-07-06 00:44:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីកូរ៉េល្បីៗដែលសុទ្ធតែបានគូស្នេហ៍ក្មេងជាងហើយសង្ហាកប់
មួយរយៈនេះព័ត៌មានអំពីដំណឹងរៀបការរបស់តារាសម្ដែងកូរ៉េ Song Joong Ki និង Song Hye Kyo កំពុងធ្វើឲ្យរំជើបរំជួលខ្លាំងមែនទែនក្នុងពិភពសិល្បៈអាស៊ី ខណៈដែលអ្នកទាំងពីរមិនធ្លាប់មានព័ត៌មានផ្លូវការថាមានស្នេហានឹងគ្នាឡើយ ប៉ុន្តែស្ងាត់ៗក៏ប្រកាសដំណឹងរៀបការតែម្ដង។
បើក្រឡេកមើលអាយុ គូស្នេហ៍មួយគូនេះមានអាយុខុសគ្នា៤ឆ្នាំ ដោយខាងស្រីគឺមានអាយុច្រើនជាងខាងប្រុស។ ឃើញបែបនេះហើយ ប្រិយមិត្តនារីដែលកំពុងស្រឡាញ់ ឬមានចំណាប់អារម្មណ៍លើបុរសដែលមានអាយុតិចជាងប្រាកដជាលួចញញឹមញញែម ព្រោះវាបង្ហាញថាអាយុមិនមែនជាឧបសគ្គសម្រាប់សេចក្ដីស្នេហាទៀតឡើយ។ ការពិតមិនត្រឹមតែគូស្នេហ៍ “Descendants of the Sun” នេះទេដែលខាងស្រីមានអាយុច្រើនជាង ប៉ុន្តែតារាប្រុសល្បីៗជាច្រើនទៀតដែលជាបុរសក្នុងក្ដីស្រមៃរបស់អ្នកគាំទ្រនារីជាច្រើនក៏បានជ្រើសរើសគូស្នេហ៍ដែលមានអាយុច្រើនជាងខ្លួនដែរ ហើយសុទ្ធតែត្រូវបានអ្នកគាំទ្រសរសើរថាសមគ្នា។
១. Kim Tae Hee និង Rain
Rain តារាចម្រៀងប្រុសកូរ៉េដែលល្បីលំដាប់ទីមួយនៅកម្ពុជាបានបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយបានរៀបការជាមួយស្រីស្អាត Kim Tae Hee កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅ បន្ទាប់ពីសេពគប់គ្នាជាសង្សាររយៈពេល៤ឆ្នាំ។ គូនេះមានអាយុខុសគ្នាពីរឆ្នាំ ដោយ Rain អាយុ ៣៥ឆ្នាំ ចំណែក Kim Tae Hee អាយុ ៣៧ឆ្នាំ។
២. Ku Hye Sun និង Ahn Jae Hyun
ពីគូស្នេហ៍ក្នុងខ្សែភាពយន្តប្រែក្លាយជាគូស្នេហ៍ពិត Ahn Jae Hyun និង Ku Hye Sun ដែលបានស្រឡាញ់គ្នាក្រោយរួមសម្ដែងក្នុងរឿងភាគ “Blood” បានដឹកដៃគ្នារៀបការកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំមុន។ គូនេះក៏មានអាយុខុសគ្នា២ឆ្នាំដែរ ដោយ Ahn Jae Hyun មានអាយុ ៣០ឆ្នាំ ចំណែក Ku Hye Sun តួឯកស្រី F4 កូរ៉េ មានវ័យ ៣២ឆ្នាំ។ ទោះយ៉ាងណាសម្រស់តារាទាំងគូនេះមើលទៅដូចជាអាយុ ២០ស្ដើងអីចឹង។
៣. Lee Sung‑kyung និង Nam Joo‑hyuk
នេះគឺជាគូស្នេហ៍តារាសម្ដែងដ៏ល្បីមួយគូទៀតហើយក្នុងពិភពសិល្បៈកូរ៉េខាងត្បូង ដោយបន្ទាប់ពីចាប់ដៃគូគ្នាក្នុងរឿងភាគ “Weightlifting Fairy Kim Bok Joo” អ្នកទាំងពីរក៏បានចាប់ផ្ដើមបង្កាត់ភ្លើងស្នេហ៍មែនទែនជាមួយគ្នាខាងក្រៅឆាក។ ពួកគេមានអាយុខុសគ្នា៣ឆ្នាំ ដោយ Lee Sung Kyung មានអាយុ ២៦ឆ្នាំ ចំណែកតារាសម្ដែង Nam Joo Hyuk មានអាយុ ២៣ឆ្នាំ។
៤. Song Hye Kyo និង Song Joong Ki
ចុងក្រោយ មិនអាចខ្វះបានគឺគូ #Songsongcouple ដែលអ្នកទាំងពីរមានវ័យខុសគ្នា៤ឆ្នាំ ដោយ Song Hye Kyo មានអាយុ ៣៥ឆ្នាំ ចំណែក Song Joong Ki មានអាយុ ៣១ឆ្នាំ។ បន្ទាប់ពីក្លាយជាដៃគូសម្ដែងដ៏ល្បីទូទាំងអាស៊ីតាមរយៈរឿង “Descendants of the Sun” អ្នកទាំងពីរក៏បានវិវត្តទំនាក់ទំនងក្លាយជាគូស្នេហ៍ពិតប្រាកដ រហូតចុងក្រោយបានសម្រេចចិត្តរៀបការជាមួយគ្នានៅថ្ងៃទី៣១ ខែតុលា ខាងមុខ ៕