មូលហេតុ ៧យ៉ាងធ្វើឲ្យអ្នកមានឈាមក្រោយរួមភេទ
- 2018-12-01 02:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ៧យ៉ាងធ្វើឲ្យអ្នកមានឈាមក្រោយរួមភេទ
ការហូរឈាមក្រោយពីរួមភេទអាចជារឿងធម្មតាលើសអ្វីដែលយើងគិត។ វាអាចមិនកើតឡើងចំពោះស្ត្រីគ្រប់គ្នានោះទេ ប៉ុន្តែវាបានកើតឡើងចំពោះស្ត្រីច្រើនគួរសម។ មានហេតុផលជាច្រើនដែលបណ្ដាលឲ្យបញ្ហានេះកើតឡើង។ វាអាចកើតឡើងដោយសារតែអនាម័យមិនល្អ ជំងឺកាមរោគ និងស្ថានភាពផ្សេងៗទៀត។ ហេតុដូច្នេះ វាជារឿងចាំបាច់ដែលអ្នកត្រូវត្រួតពិនិត្យសុខភាពបន្តពូជរបស់ខ្លួនដោយការទៅជួបគ្រូពេទ្យឯកទេសជាទៀងទាត់។
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលធ្វើឲ្យស្ត្រីមានឈាមក្រោយពេលរួមភេទ៖
១. ការមករដូវ
នេះអាចជាមូលហេតុមួយក្នុងចំណោមហេតុផលធំៗ ដោយពេលខ្លះការមករដូវអាចកើតមានដោយយើងមិនអាចដឹងមុន ឬគ្មានតម្រុយទាល់តែសោះ។ វដ្តប្រចាំខែនេះអាចងាយនឹងមានដោយសារកត្តាខាងក្រៅជាច្រើនដែលស្ត្រីត្រូវឆ្លងកាត់ ឬប្រឈមមុខ ដូចជាស្ត្រេស ការហាត់ប្រាណខ្លាំងៗ ការផ្លាស់ប្តូររបបអាហារ និងប្រើថ្នាំដែលអាចប៉ះពាល់ដល់វដ្តរដូវ។ ហេតុដូច្នេះហើយការរួមភេទជាសកម្មភាពរាងកាយដែលអាចបង្កឲ្យមានវដ្ដរដូវលឿនជាងការរំពឹងទុកក្នុងករណីខ្លះ។
២. ការរួមភេទលើកដំបូង
នេះអាចជាហេតុផលមួយទៀតដែលធ្វើឲ្យមានការហូរឈាមក្រោយរួមភេទ។ ប្រសិនបើមនុស្សស្រីគ្មានបទពិសោធន៍ខាងផ្លូវភេទ និងជាការរួមភេទជាលើកដំបូងនោះ វាអាចបណ្តាលឲ្យមានការដាច់សន្ទះព្រហ្មចារី ឬដាច់រលាត់ប្រដាប់ភេទដែលអាចបណ្តាលឲ្យហូរឈាម។ ចំពោះស្ត្រីវ័យក្មេងខ្លះ ការឈឺចាប់ក្រោយការរួមភេទដំបូងអាចបន្តរហូតដល់មួយថ្ងៃ។ ទោះយ៉ាងណា ប្រសិនបើដោយសារហេតុផលនេះ ចំនួនឈាមគឺតិចតួចប៉ុណ្ណោះ។
៣. ការប៉ះទង្គិចខ្លាំង
ការប៉ះទង្គិចនឹងទ្វារមាសខ្លាំងៗគ្រប់រូបភាព អាចនាំឲ្យមានការហូរឈាម ដូចជាការប្រើឧបករណ៍សិចខ្លាំងៗជាដើម។ ការហូរឈាមក្រោយពេលរួមភេទក៏អាចបណ្តាលមកពីករណីធ្ងន់ធ្ងរមួយចំនួនដូចជាការរំលោភផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការធ្វើបាបរាងកាយ។ ក្នុងករណីនេះ ជនរងគ្រោះត្រូវរាយការណ៍ជាបន្ទាន់ ហើយឲ្យគ្រូពេទ្យពិនិត្យមើលរបួសភ្លាមៗ។ កុំស្ទាក់ស្ទើរក្នុងការនិយាយជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ហើយស្វែងរកជំនួយ។
៤. ភាពស្ងួតរបស់ទ្វារមាស
កង្វះទឹករំអិលក្នុងអំឡុងពេលរួមភេទអាចបង្កើនការកកិតដែលកើតឡើងរវាងប្រដាប់បន្តពូជ។ ការកកិតនេះជួនកាលបណ្ដាលឲ្យហូរឈាមទ្វារមាស។ បញ្ហានៃកង្វះទឹករំអិលអាចដោះស្រាយបានយ៉ាងងាយស្រួលដោយប្រើទឹករំអិលដែលអាចរកបាននៅលើទីផ្សារ។ ជាមួយគ្នានេះ វាក៏សំខាន់ដែរដែលភាគីបុរសគួរធ្វើឲ្យដៃគូរបស់ខ្លួនបញ្ចេញទឹករំអិលតាមធម្មជាតិ តាមរយៈការបបោសអង្អែលផ្សេងៗ មុនចាប់ផ្ដើមវាយលុក។
៥. ការឆ្លងមេរោគផ្សិត
ការឆ្លងមេរោគផ្សិតគឺជារឿងធម្មតាដែលអាចកើតឡើងចំពោះស្ត្រី។ វាកើតឡើងនៅពេលដែលសារធាតុផ្សិតលូតលាស់ច្រើននៅក្នុងទ្វារមាស ដែលបណ្តាលឱ្យរមាស់ ឬធ្ងន់ធ្ងររហូតដល់មានការដាច់រលាត់ និងហូរឈាម។ វាគឺជាបញ្ហាដែលអាចព្យាបាលបានយ៉ាងងាយតាមរយៈការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។
៦. ជំងឺរលាកអាងត្រគាក
ជំងឺរលាកអាងត្រគាកគឺជាប្រភេទនៃការឆ្លងមេរោគដែលអាចរីករាលដាលនៅទូទាំងសរីរាង្គបន្តពូជដូចជា ដៃស្បូន ក្រពេញអូវែ មាត់ស្បូន និងស្បូន។ វាអាចបណ្តាលឱ្យរលាកនៅផ្នែកផ្សេងៗនៃសរីរាង្គបន្តពូជ និងធ្វើឱ្យងាយមានការដាច់រលាត់ដែលអាចនាំឱ្យមានការហូរឈាម។
៧. មហារីក
ជំងឺមហារីកនៃផ្នែកណាក៏ដោយនៃសរីរាង្គបន្តពូជអាចបង្កឱ្យមានការហូរឈាមក្រោយពេលរួមភេទ។ ប្រសិនបើអ្នកមានប្រវត្តិសមាជិកគ្រួសារកើតជំងឺមហារីក និងធ្លាប់មានការហូរឈាមញឹកញាប់បន្ទាប់ពីរួមភេទរួចហើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម។ ការការពារគឺប្រសើរជាងការព្យាបាល។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាហូរឈាមក្រោយការរួមភេទញឹកញាប់ សូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានដឹងច្បាស់លាស់ ៕